ការពិសាអាហារប្រកបដោយតុល្យភាព ការគេងបានគ្រប់គ្រាន់ ការរក្សារាងកាយមិនឱ្យខ្សោះជាតិទឹក គឺជារឿងដ៏ប្រសើរសម្រាប់សុខភាពរបស់អ្នក ព្រមទាំងស្បែករបស់អ្នកផងដែរ និងកាត់បន្ថយតម្រូវការប្រើប្រាស់ផលិតផលថែរក្សាស្បែកថ្លៃៗ។ ជាទូទៅ ការពិសាអាហារ ដែលសម្បូរដោយសារធាតុចិញ្ចឹម និងកំណត់កម្រិតចំពោះការពិសាអាហារច្នៃគឺល្អប្រសើរសម្រាប់រាងកាយ និងស្បែករបស់អ្នក។ គុណភាពសារធាតុចិញ្ចឹមជាមូលដ្ឋាននៅក្នុងអាហារ ដែលផ្ដល់គុណប្រយោជន៍ដល់ស្បែក គឺសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសារធាតុប្រឆាំងនឹងការរលាក។
.jpg)
ផ្លែឈើ និងបន្លែប្រភេទមួយចំនួន មានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានប្រសិទ្ធភាព ដែលការពារស្បែករបស់អ្នកពីការខូចកោសិកា និងសញ្ញានៃភាពចាស់ ដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលមានគុណប្រយោជន៍ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លា។
១. ការ៉ុត៖ មើមការ៉ុតសម្បូរទៅដោយសារធាតុបេតាការ៉ូទីន ដែលបំប្លែងទៅជាវីតាមីនA។ វីតាមីន A មានសារៈសំខាន់សម្រាប់ការថែរក្សា និងជួសជុលជាលិកាស្បែក និងការពារកុំឱ្យស្បែកស្ងួត និងបែកស្រកា។
២. ផ្លែស្រ្ដូបឺរី៖ ផ្លែស្រ្ដូបឺរីសម្បួរទៅដោយវីតាមីនC ដែលប្រឆាំងនឹងផលប៉ះពាល់នៃការប៉ះនឹងពន្លឺព្រះអាទិត្យ ពង្រឹងនូវសរសៃឈាមតូចៗ ដែលធ្វើការផ្គត់ផ្គង់ដល់ស្បែក ជួយបំបាត់ស្នាមជាំលើផ្ទៃមុខ និងបន្ថយការខូចស្បែកដោយរ៉ាឌីកាល់សេរី។ ហើយផ្លែស្រ្ដូបឺរីនេះមានផ្ទុកនូវវីតាមីនE ដែលជួយការពារស្បែកពីការខូចកោសិកា។
៣. ផ្លែប័រ៖ ផ្លែប័រ មានផ្ទុកនូវវីតាមីនE ខ្ពស់ ព្រមទាំងអាស៊ីដខ្លាញ់សំខាន់ៗជាច្រើនទៀត ដែលដើរតួនាទីជាភ្នាក់ងារផ្ដល់សំណើមដល់ស្បែករបស់អ្នកបែបធម្មជាតិ។ អាស៊ីដខ្លាញ់ទាំងនេះជួយពង្រឹងភ្នាសកោសិកា ដែលជាលទ្ធផលជួយការពារសារធាតុគ្រោះថ្នាក់ កុំឱ្យកើតមានចំពោះស្បែកដូចជា មុនខ្ទុះ និងមុនខ្សាច់ និងជួយសម្អាតសំណល់ផ្សេងៗលើផ្ទៃមុខផងដែរ។ ម្យ៉ាងទៀតផ្លែប័រមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលមានប្រសិទ្ធប្រឆាំងនឹងការរលាក។
៤. ស៊ុត៖ ស៊ុត គឺជាប្រភពដ៏ប្រសើរនៃជាតិ Biotin ជាវីតាមីនB មួយប្រភេទ ដែលបង្កើតចំណុចស្នូលនៃកោសិកាស្បែក ក្រចក និងសក់។ ម្យ៉ាងទៀតស៊ុតមានផ្ទុកសារធាតុ Selenium ដែលការពារស្បែកពីស្នាមចាស់ជ្រីវជ្រួញ។
៥. គ្រាប់ Almond៖ គ្រាប់អាល់ម៉ិន គឺជាប្រភពដ៏ប្រសើរនៃអាស៊ីដខ្លាញ់សំខាន់ៗ និងវីតាមីនE (មានលក្ខណៈស្រដៀងទៅនឹងផ្លែប័រខាងលើដែរ) ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ។
៦. ត្រី៖ ត្រីគឺជាប្រភពដ៏កំពូល នៃអាស៊ីដខ្លាញ់ Omega3 ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ ប្រភេទត្រីដូចជាត្រូ ទូណា ត្រី Halibut ត្រីស្បៃកាជាដើមនេះសម្បូរទៅសារធាតុ Selenium។ ហើយគ្រឿងសមុទ្រដូចជាអយស្ដ័រ និងក្ដាមសម្បូរទៅដោយជាតិស័ង្កសី៕
0 comments:
Post a Comment