Thursday, November 5, 2015

គន្លឹះ​អស្ចារ្យ ​៥​យ៉ាង​ដើម្បី​ព្យាបាល​សក់​ស្ងួត​


​ប្រសិន​បើ​មិត្ដ​នារី​ចង់​បាន​សក់​ភ្លឺ​រលោង​ និង​មាន​សុខភាព​ល្អ ​វា​មិន​គ្រប់​គ្រាន់​ទេ ​ដោយ​គ្រាន់​តែ​ទៅ​ហាង​ធ្វើ​សក់​។​ សក់​ស្រស់​ស្អាត​តម្រូវ​ឱ្យ​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​ផលិត​ផល​ផ្សេងៗ​ ប៉ុន្ដែ​ជា​និច្ច​កាល ​គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​រក្សា​ឱ្យ​សក់​ស្រស់​ស្អាត ​និង​មាន​សុខភាព​ល្អ​រក​បាន​នៅ​ក្នុង​ទូរ​​គ្រឿង​ទេស​បែប​ធម្មជាតិ​។ ​ប្រហែល​ជា ​គ្រឿង​ផ្សំ​ភាគ​ច្រើន ​អ្នក​មាន​នៅ​ក្នុង​ទូរ​ទឹកកក​រ​បស់​ខ្លួន​រួច​ទៅ​ហើយ​។ ​ការ​ណែនាំ​បែប​សង្ខេប​ខាង​ក្រោម​ អាច​ជួយ​អ្នក​ឱ្យ​ស្វែង​យល់ពី​ការ​ព្យាបាល​សក់​ស្ងួត​តាម​បែប​ធម្មជាតិ​កម្រិត​មូល​ដ្ឋាន​។ ​ទី​នេះ​យើង​សូម​ណែ​នាំវិ​ធី​សាស្រ្ដ​បែប​ធម្មជាតិ​ ៥​យ៉ាង ​ដែល​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ​និង​ចំណាយ​ប្រាក់​តិច​។​



​១. ​ប្រេង​អូលាវ​៖ ​ការ​ព្យាបាល​បែប​នេះ​អាច​យក​មក​ប្រើ​ប្រាស់​ជា​ការ​ម៉ាស្សា​។ ​ ​សូម​ចាក់​ប្រេង​អូលាវ​ប៉ុន្មាន​ដំណក់​ទៅ​លើ​បាត​ដៃ​ររ​បស់​អ្នក ​ហើយ​ម៉ាស្សា​ស្រាលៗ​លក្ខណៈ​រង្វង់​មូល​ទៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​។ ​អនុវត្ដ​បែប​​នេះ​រឿយៗ ​រហូត​ដល់​ស្បែក​ក្បាល​របស់​អ្នក​ទទួល​បាន​ការ​ម៉ាស្សា​ពេញ​ទាំង​អស់ ​បន្ទាប់​មក​ត្រដុស​សក់​របស់​អ្នក​ជា​មួយប្រេង​អូលាវ​(​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​ ប្រសិន​បើ​ប្រើ​ប្រេង​អូលាវ​សុទ្ធ​) ​គ្រប​សក់​នឹង​កន្សែង​ពោះ​គោ ​ហើយ​ទុក​​វា​​ឱ្យ​បា​ន ៤៥​នាទី​មុន​ពេលលាង​ជម្រះវា​ដោយ​ទឹក​ក្ដៅឧណ្ហៗ​។​

​២.​ ទឹកខ្មេះ​ពណ៌ស​៖ ​ការ​ប្រើ​ទឹកខ្មេះ​ពណ៌​សមួយស្លា​ប​ព្រា​កាហ្វេ នៅ​ពេល​លាង​ជម្រះ​សក់​របស់​អ្នក​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ នឹង​ផ្ដល់​ប្រសិទ្ធ​ភាព​ខ្ពស់​ចំពោះ​សក់ស្ងួត​ ស្រួយ​ និង​បែកចុង​។ ប្រសិន​បើ​​សក់អ្នក​ខូចធ្ងន់​ធ្ងរ ​វា​ជា​រឿង​ប្រសើរ​ក្នុង​កា​រលាយ ទឹក​មួយ​ពែង និ​ង​ទឹក​ខ្មេះមួយ​ពែងក្នុង​ចំណុះស្មើរៗ​គ្នា ​ហើយ​ចាក់​វា​ទៅ​លើ​សក់​របស់​អ្នក ​បន្ទាប់​មក​ទុក​វា​ឱ្យ​បាន​រយៈ​​ពេលមួយ​ម៉ោង​មុន​ពេល​លា​ងជម្រះ ​​ដោយ​ការ​យក​កន្សែង​ពោះ​គោ​មក​គ្រប​ការពារ​សក់​រប​​ស់​អ្នក។​

៣. ​ផ្លែប័រ​៖ ​សាច់​ផ្លែ​ប័រ លាយ​ជា​មួយ​ចេក និង ​Mayonnaise ​បង្កើត​បាន​ជា​ម៉ាស់​ ដើម្បីពង្រឹង​ស​ក់​ឱ្យរឹ​ង​មាំ​។ 

​៤.​ Mayonnaise​៖ Mayonnaise​ អាច​ជា​ប្រភព​ដ៏មាន​តម្លៃ ​សម្រាប់ថែរក្សា​សក់ ​ព្រម​ទាំង​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ម៉ាស់​ ដើម្បី​ថែរក្សា​សក់​ស្ងួតទៀត​ផង​។​
​រូបម​ន្ដ ​ដែល​អ្នក​នឹង​ត្រូវការ​៖​

•​ស៊ុត​ចំណែក​ស​ ១​គ្រាប់​
•​យ៉ាអួ​សុទ្ធ ១/៤ ​ពែង​
•​Mayonnaise ១/៤ ​ពែង​

​ក្រោយ​ពេ​ល​កូរ​ស៊ុតឱ្យ​ខាប់​ល្អ​ហើយ ​អ្នក​អាចបន្ថែម​យ៉ាអួ ​និង Mayonnaise​។​ លាបល្បាយ​នេះ​ទៅ​លើ​សក់​របស់​អ្នក​ ហើយ​​គ្របវា​ជា​មួយ​នឹង​មួក​ផ្លាស្ទីក ​បន្ទាប់​មក​ទុកវាឱ្យ​បាន​ ៣០​នាទី ​រួច​លាង​ជម្រះ​ល្បាយ​នោះ​ជា​មួយ​នឹង​ទឹក​ត្រជាក់ ​ហើ​យ​កក់សក់​លាង​ជម្រះ​​ដោយសាប៊ូ​ធម្មតា ​ដែលអ្ន​កតែ​ង​ប្រើ។

​៥. ស៊ុត​៖ ​រូប​មន្ត​ព្យាបាល​សក់​ស្ងួត​ភាគ​ច្រើន​ធ្វើ​​ឡើងពីស៊ុត ​ពី​ព្រោះវា​សម្បូរ​ដោយ​ជាតិប្រូតេអ៊ីន ​និង​ lecithin​​។ ​ម៉ាស់​​អាចធ្វើ​ជា​ច្រើន​វិធី​។ ​អ្ន​ក​អាច​ប្រើ​ជា​មួយ​ស៊ុត​វាយ​បំបែក​ ដោយ​លា​ប​វា​ទៅ​លើ​សក់​ មួយ​ភាគ​ម្ដង​ៗ ​​ហើយ​ទុក​វាឱ្យ​បាន ​១០​នាទី​។ ​សូម​ចង​ចាំ​ថា ​ស៊ុត​នេះ​វា​មាន​ក្លិន​ឆ្អាប​​បន្តិច​ហើយ អញ្ចឹង​ត្រូវ​លាង​វា​ជាមួយ​ទឹក​ និង​ទឹក​ខ្មេះ​ពណ៌ស​៕ ​

0 comments:

Post a Comment