Friday, May 22, 2015

សក់ជ្រុះច្រើនមែនទេ? Cool FM សូមណែនាំវិធីធម្មជាតិដើម្បីការពារសក់ជ្រុះ!


ការ​ជ្រុះ​ស​ក់ បាន​ក្លាយ​ជា​បញ្ហា​កើត​ឡើង​ជារឿយៗក្នុង​ចំណោម​បុរស​ស្រ្ដី​ទាំង​ឡាយ​នាពេល​បច្ចុប្បន្ន​នេះ ​ពីព្រោះ​មានកត្ដា​ជាច្រើន ​ដែល​ជះ​ឥទ្ធិ​ពល​ទៅ​លើការ​ជ្រុះសក់​នេះ​ ដែល​យើង​ប្រឈម​មុខ​ជារៀងរាល់​ថ្ងៃ ​ឬ​ធ្ងន់ធ្ងរ​ជាងនេះ​ប្រសិន​បើយើង​មិនយក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ទៅ​លើ​វា​។ ជាទូទៅ​ សក់​ប្រមាណជា​ ១០០សរសៃ​អាច​ជ្រុះ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​យើង​ចាត់​ទុក​ថា​ជារឿង​ធម្មតា​។ ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ ការ​ព្រួយ​បារម្ភ​នឹង​កើត​មាន​ឡើង ​នៅពេល​ដែល​យើង​ឃើញ​ថា​ សក់​របស់​យើង​ជ្រុះ​ជាញឹក​ញាប់​ និង​ជ្រុះ​កាន់​តែ​ច្រើន​។ នៅ​ពេល​អ្នកកត់​សម្គាល់ថា​ អ្នក​កំពុង​ជ្រុះ​សក់​ អ្នក​គួររក​ឱ្យឃើញ​នូវហេតុ​ផល​ថា​តើ​ហេតុអ្វីវា​កើត​មាន​ឡើង​។ កត្ដាមួយ​ចំនួន​ដូច​ជា​ ការប្រែប្រួល​អាកាស​ធាតុ​ ស្រ្ដេស​ រោគ​ខ្វះ​ឈាម​ក្រហម​ អាហារ​គ្មាន​ជីវជាតិ​ ចរន្ដឈាម​ក្នុង​ខ្លួន​ និងកត្ដា​តំណ​ពូជ​ គឺជា​ហេតុផល​ដ៏​ចម្បង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​រង​កង្វល់​ពី​ការ​ជ្រុះសក់​។ តើ​អ្នក​ចង់​ជ្រាប​ពីវិធី​ការ​ការពារ​កុំ​ឱ្យ​ជ្រុះស​ក់​ ឬទេ?​




គន្លឹះ​ដើម្បី​ថែរក្សា​សក់​របស់​អ្នកឱ្យ​មាន​សុខភាព​ល្អ​ និង​ការពារ​កុំ​ឱ្យ​សក់​ជ្រុះ៖​
•ប្រសិន​បើ​អ្នក​កត់សម្គាល់​ថាសក់​របស់​អ្នក​បាត់បង់​នូវភាព​រឹងមាំ​ និង​ជ្រុះជា​ប្រចាំ ​វាជារឿង​ចាំបាច់​ដែល​ថាអ្នក​ត្រូវ​បញ្ឈប់​ឧបករណ៍​គៀប​សក់​ ឧបករណ៍​ផ្លុំសក់ ​ឬអ្វីៗ​ផ្សេង​ទៀត ​ដែល​ផ្ដល់​កម្ដៅ​ខ្លាំង​ដល់​សក់​។ ប្រភេទ​ឧបករណ៍​ទាំង​នេះ​អាច​ជាមូល​ហេតុ​នៃ​ការជ្រុះ​សក់ ​ហើយ​នៅពេល​សក់របស់​អ្នក​ចុះខ្សោយ​ វាអាច​បង្ក​ការប៉ះ​ពាល់​រឹតតែ​ខ្លាំង។​

•ការ​ទទួល​ទាន​របប​អាហារ​ដ៏សមស្រប​ និង​មាន​តុល្យភាព​ ដើរ​តួនាទី​ដ៏សំខាន់​ទៅលើ​សុខ​ភាព​សក់​របស់អ្នក​។ ភាព​កង្វះ​អាហា​រូបត្ថម្ភ​គឺ​អាច​បណ្ដាល​ឱ្យសក់ជ្រុះ​ ដោយ​ការធ្វើ​ឱ្យ​រចនា​សម្ព័ន្ធ​សក់​ចុះខ្សោយ ​និង​បណ្ដាល​ឱ្យសក់​បែក​ចុង​។យើង​សូម​ណែនាំ​ឱ្យអ្នក​ទទួល​ទាន​របប​អាហារ​ ដែល​សម្បូរទៅ​ដោយ​វីតាមីនA​ និងB ​សារជាតុ ​Biotin វីតាមីនC​ ជាតិទង់ដែង ​ជាតិដែក​ ជាតិស័ង្កសី ​ប្រូតេអ៊ីន​ និងទឹក។​

•ការធ្វើ​ម៉ូត​សក់តឹងៗ​ចំពោះស្រ្ដី​ គឺជាមូល​ហេតុ​ម្យ៉ាង​ទៀត នៃ​ការជ្រុះសក់​។ ការ​ធ្វើម៉ូត​សក់​ប្រភេទ​នេះ​អាចផ្ដល់​ផល​ប៉ះពាល់​ម្យ៉ាង​ហៅថា​ទំនាញ​(ការទាញ) ដែក​ជាលទ្ធផល​ធ្វើឱ្យ​សក់របស់​អ្នកជ្រុះ។​

•វាជារឿង​ចាំបាច់​ក្នុង​ការសម្រាក​ និងគេង​ឱ្យបាន​គ្រប់គ្រាន់ ​និងស្កប់ស្កល់​។ ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញថា​ មនុស្ស​ដែល​គេងឆ្អែត​ និងស្កប់ស្កល់​ទំនង​ជា​ជ្រុះសក់តិច​។ ការ​អស់​កម្លាំង ​និងនឿយហត់​ គឺជាកត្ដា​ផ្សេង​ទៀត​ ដែល​អាច​ធ្វើ​ឱ្យ​សក់​ជ្រុះ។​

•ការ​ប្រើ​ប្រាស់​ផលិត​ផល​ ដែល​មាន​ផ្ទុកជាតិ​គីមី​ច្រើន​ អាច​ធ្វើឱ្យ​សក់​ និងស្បែក​ក្បាល​របស់​អ្នក​ចុះ​ខ្សោយ​ ដែល​ជាមូល​ហេតុដ៏ធំ​មួយទៀត​នៃការ​ជ្រុះសក់​។ ការ​ប្រើថ្នាំ​ប្ដូរពណ៌​សក់​ និងសាប៊ូ​កក់សក់​ខ្លាំងៗ​ជាញឹកញាប់​ធ្វើឱ្យ​សក់​របស់​អ្នក​បាត់បង់​នូវ​ភាព​រឹងមាំ​។ ដូច្នេះ​យើង​សូមណែ​នាំឱ្យអ្នក​ចៀសវាង​ការប្រើប្រាស់​ផលិត​ផល​ទាំងអស់​នេះ​ ហើយ​ជ្រើស​មកប្រើ​ផលិត​ផល​ធម្មជាតិ​វិញ។​

•ជាទូ​ទៅ​យើង​លាងសម្អាត​ ឬកក់សក់​របស់​យើង​ជារៀង​រាល់ថ្ងៃ​ ដែល​វាមិនមែន​ជារឿង​ចាំបាច់​នោះទេ​។ សក់​អាចរក្សា​នូវ​ភាព​ស្អាត​បាន​ជាច្រើន​ថ្ងៃ​ ហើយ​យើង​គួរទាញ​យក​ប្រយោជន៍នោះ​ ដើម្បី​ឱ្យ​វាបាន​សម្រាក​ពីភាព​សើម​ និង​ផលិត​ផល​ដែល​អ្នក​ប្រើ​ប្រាស់។​
•មុន​ពេល​ធ្វើ​ម៉ូត​សក់​ណា​មួយ​ វាជារឿង​ចាំបាច់​ដែរ​ថាសក់​របស់​អ្នកស្ងួត​។ សក់​សើម​ធ្វើឱ្យ​រន្ធ​សរសៃ​សក់បើក​ចំហ​ ដែល​ជាលទ្ធផល​ធ្វើសក់​ជ្រុះ។​

•ទោះ​ជាយ៉ាង​ណា​ អ្នក​ប្រហែល​ជាមិនជឿ​នោះ​ទេថា ​ការហាត់​ប្រាណ​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការ​ថែរក្សា​សក់​របស់​អ្នក​ឱ្យមាន​សុខភាពល្អ​។ ការ​ធ្វើ​សកម្មភាព​រាងកាយ​ជាទៀង​ទាត់​ផ្ដល់​ការ​ភ្ញោចដល់​ចរន្តឈាម​ និងល្អ​ប្រសើរ​ចំពោះ​ស្បែក​ក្បាល​របស់អ្នក។​

•សូម​ចៀសវាង​ស្ថានភាព​ស្រ្ដេស​ ឬការ​ព្រួយបារម្ភ​ណាមួយ​។ កត្ដាទាំង​នេះជះ​ឥទ្ធិពល​ដល់ការ​ជ្រុះសក់ ​និងអាច​ប្រែក្លាយ​ជាមូល​ហេតុ​ចម្បង​ នៃ​ការ​ជ្រុះសក់។​

•នៅពេល​អ្នកមាន​សក់​ជ្រុះ​ជាប្រចាំ​ យើង​សូម​ណែ​នាំ​អ្នក​ឱ្យ​ទៅជួប​អ្នក​ឯកទេស​សើស្បែក​ ដែល​ពួកគាត់​អាចកំណត់​បាននូវ​ហេតុផល​ជាក់លាក់​ និង​អាចណែនាំ​អ្នក​នូវវិធី​ព្យាបាល​ដ៏សមស្រប។​


វិធី​ធម្មជាតិ​ដើម្បី​ការពារ​សក់ជ្រុះ៖​
ប្រទាល​កន្ទុយ​ក្រពើ៖ យើង​សូម​ណែនាំអ្នក​ ឱ្យ​ញី​ស្បែកក្បាល​របស់​អ្នក​នឹង​ល្បាយ​អន្ធិល​របស់​ប្រទាល​កន្ទុយ​ក្រពើ​ ដើម្បី​បញ្ឈប់​ការជ្រុះសក់។​




ខ្ទឹមស​ និង​ក្រូចឆ្មារ​៖ ដើម្បី​ការពារ​កុំឱ្យ​សក់​ជ្រុះ​ អ្នក​គួរលាយ​បញ្ចូល​គ្នានូវ​ខ្ទឹមស ​និងក្រូច​ឆ្មារ​ក្នុង​ចំណែក​ស្មើរៗ​គ្នា​។ បន្ទាប់​មក​ញីល្បាយ​នោះថ្នមៗ​ទៅលើ​ស្បែកក្បាល​របស់អ្នក​ និងទុកវាឱ្យបាន​ ១៥នាទី​ទើប​លាង​សម្អាត។​




ខ្ទិះ​ដូង​៖ ញី​ខ្ទិះ​ដូង​ទៅក្នុងឬ​សសក់​របស់អ្នក​ ដើម្បី​ពង្រឹងវា​ និងការពារ​សក់ជ្រុះ​។ វិធី​នេះ​នឹងភ្ញោច​ការ​លូតលាស់​របស់សក់​និងធ្វើឱ្យ​សក់​ភ្លឺរលោង។​




ប៉េងប៉ោះ​៖ ប៉េង​ប៉ោះ​ជួយ​ប្រឆាំង​នឹង​ការជ្រុះ​សក់​ និងកាត់​បន្ថយ​វាបាន​ច្រើន​គួរឱ្យ​កត់សម្គាល់​។ កិន​ប៉េងប៉ោះ​លាយ​ជាមួយ​ផ្កាក្ដាំង​ពួរ ​ហើយ​ប្រើល្បាយ​កិន​ម៉ត់​នោះ​មកញី​លើ​ស្បែក​ក្បាល​របស់​អ្នក​ឱ្យបាន​ ១០នាទី ​រួច​សឹម​លាង​សម្អាត​ចេញ៕ ​

0 comments:

Post a Comment