ថ្ងៃនេះ CooL សូមលើកយកនូវការស្រាវជ្រាវថ្មីរបស់ក្រុមអ្នកវិទ្យាសាស្រ្តសុខាភិបាលនៅជុំវិញពិភពលោក ទាក់ទងទៅនឹងអាហារទាំង៩មុខ សុទ្ធសឹងតែជាប្រភេទអាហារដែលជម្រុញដល់អ្នក ឲ្យទទួលបាននូវភាពចាស់មុនអាយុ ។ ហើយអាហារទាំងនេះ គឺភាគច្រើនកំពុងតែពេញនិយមចំពោះបណ្ដាអ្នកប្រើប្រាស់ទាំងឡាយ ។
ខាងក្រោមនេះ គឺជាប្រភេទអាហារទាំង៩ មុខដែលអាចធ្វើឲ្យអ្នកចាប់ផ្ដើមស្វែងយល់ដោយខ្លួនឯង ថាតើអាហារប្រភេទមួយណាដែលអ្នកកំពុង ទទួលទានស្ទើរតែរាល់ថ្ងៃ៖ តើអ្នកគួរតែបន្តវាទៀត ឬក៏យ៉ាងណា?
1/. ស្ករ ( Sugar )
ការទទួលទានជាតិស្ករច្រើនពេក វាអាចបណ្ដាលឲ្យសារជាតិទាំងនោះជ្រាបចូលទៅក្នុងសរសៃទឹកប្រូតេអ៊ីន ឬសរសៃខ្ចី (Collegen) ដែលអាចធ្វើឲ្យស្បែករបស់អ្នកតឹងណែន ឬអាចឈានទៅរកភាពធាត់បានដោយងាយ ។

2/. អាហារដែលសម្បូណ៌ដោយជាតិខ្លាញ់ (Trans fats)
ការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើនហួសកម្រិត វាក៏ស្រដៀងទៅនឹងការបរិភោគអាហារដែលមានជាតិស្ករច្រើនដែរ ដោយវាអាចធ្វើឲ្យសរសៃឈាមក្រហម និងសរសៃឈាមតូចៗងាយនឹងស្ទះដោយសារតែកំណកជាតិខ្លាញ់នៅក្នុងសរសៃឈាម ។

3/. អាហារដែលប្រៃ (Salt)
ការបរិភោគអាហារដែលសម្បូណ៌ដោយជាតិប្រៃច្រើន គឺវាអាចបណ្ដាលឲ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក (dehydrate) និងធ្វើឲ្យអ្នក ក្លាយជាមនុស្សដែលងាយនឹង អស់កម្លាំង ល្ហិតល្ហៃ ជាដើម។

4/. ស្ករផ្អែម
ជាតិផ្អែមដែលមាននៅក្នុងស្ករគ្រាប់ដូចជា ស្ករសូកូឡា ជាដើម វាអាចបណ្ដាលឲ្យស្បែករបស់អ្នកងាយទទួលរងនូវការរលាក ឡើងក្រហម ប្រែពណ៌ និងងាយជ្រីវជ្រួញទៀតផង ។

5/. អាហារដែលមានសារធាតុកាបូហាយដ្រេត (Carbohydrates)
យោងតាមសារពត៌មាន WebMD បានឲ្យដឹងថា ការទទួលទានអាហារដែលផ្ទុកច្រើនដោយសារធាតុ កាបូហាយដ្រេត មានជាអាទិ ដូចជា នំប៉័ងជាដើម វាអាចបំផ្លាញសរសៃទឹកប្រូតេអ៊ីន ឬជាតិសរសៃនៅក្នុងស្បែករបស់របស់អ្នកបានដោយងាយ ។

6/. កាហ្វេ Coffee
កាហ្វេ និងផលិតផល ឬភេសជ្ជៈផ្សេងទៀតដែលមានជាតិកាហ្វេអ៊ីនច្រើន ក៏អាចជម្រុញឲ្យអ្នកខ្សោះជាតិទឹកពីក្នុងខ្លួន និងធ្វើឲ្យអ្នកងាយនឹងនឿយហត់ អស់កម្លាំងផងដែរ ។

7/. ភេសជ្ជៈប៉ូវកម្លាំង (Energy drinks)
ការទទួលទានភេសជ្ជៈប៉ូវកម្លាំង គឺវាអាចធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នកងាយនឹងទ្រុឌទ្រោម ប្រាំបីដងបើធៀបទៅនឹងការទទួលទានភេសជ្ជៈសូដា ។ ម៉្យាងទៀត វាធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នកងាយនឹងឡើងពណ៌លឿងទៀងផង ។

8/. អាហារបំពង ឬចៀន (Fried foods)
អាហារជំពូកនេះ ក៏បណ្ដាលឲ្យអ្នកងាយនឹងទទួលនូវភាពជ្រីវជ្រួញមុនអាយុផងដែរ ព្រោះកាលណាអ្នកបរិភោគវាជាញឹកញាប់ពេក វានឹងផ្ដល់មកនូវការខូច ឬខ្ទេចខ្ទាំសរសៃទឹកប្រូតេអ៊ីននៅក្នុងស្បែករបស់អ្នក ។

9/. សុរា (Alcohol drinks)
ការពិសារសុរា វាមិនត្រឹមតែបំផ្លាញស្រទាប់កោសិកាខួរក្បាលរបស់អ្នកឲ្យទទួលនូវភាពស្ពឹកស្រពន់ប៉ុណ្ណោះទេ លើសពីនេះទៅទៀត វាថែមទាំងធ្វើឲ្យអ្នកងាយនឹងចាស់ទៀតផង ។

សរុបសេចក្ដីមក ដើម្បីទទួលបាននូវសុខុមាលភាពល្អ អ្នកមិនគួរបរិភោគអាហារទៅតាមចិត្តចង់របស់អ្នកឡើយ ប៉ុន្តែប្រការដែលសំខាន់ គឺអ្នកគួរតែស្វែងរកអាហារណាដែលផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនបំផ្លាញដល់សារពាង្គកាយរបស់អ្នក ។
0 comments:
Post a Comment