Monday, December 21, 2015

អ្នក​តែង​តែ​មាន​ទំលាប់​ភ្ញាក់​ពីគេង​យឺតយ៉ាវ​មែនទេ? ទាំង​នេះ​ជាវិធី​សាស្រ្ត​ដែល​អាច​ធ្វើ​អោយ​អ្នក​ភ្ញាក់​ពី​គេង​បាន​ទៀតទាត់ ជា​មួយ​នឹង​អារម្មណ៍​ល្អ

ដូចដែលយើងដឹង​ស្រាប់​ហើយ​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើ​ន​តែង​តែ​ទ​ទួល​ដំណេក​មិន​គ្រប់​គ្រាន់ ហើយ​ក៏​ភ្ញាក់​ពី​គេង​មិន​ទៀត​ទាត់​​ផង​ដែរ។ ដូច្នេះថ្ងៃនេះ ខេមបូ រីផត​នឹង​លើកយកវិធីសាស្រ្តងាយៗមួយចំនួន ដែលអាចអោយអ្នកកែទំលាប់អាក្រក់ទាំងនេះបា​ន ហើយ​អាច​ធ្វើ​អោយអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកព្រលឹមទៀតផង។
Young woman lying in bed in the morning. She is waking up with alarm clock.
  1. បរិភោគចំណីអាហារដែលត្រឹមត្រូវ
មុនពេលចូលដំណេកអ្នកគួរទទួលទានអាហារដែលគ្មានជាតិកាហ្វេអ៊ីន និង ជាតិស្រវឹង។ ម្យ៉ាងវិញ​ទៀត​បើ​អ្នក​ចង់​ភ្ញាក់ពីដំណេកបានទៀតទាត់អ្នកគួរ ចៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះខ្លួនប្រាណរបស់យើងនឹងត្រូវបញ្ចេញថាមពលច្រើន ដើម្បីបំលែង​​អាហារដែល​មានជាតិ​ខ្លាញ់​ទាំង​នោះ ដូចនេះវាអាចធ្វើអោយយើងហត់នឿយនៅពេលព្រឹក នឹងពិបាកក្រោកចេញពីគ្រែ។
111
  1. គួរកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើនពេកមុនពេលចូលដំណេក
ពន្លឺ និង​ ជាតិវិទ្យុសកម្ម ដែលជះចេញពី ស្មាតហ្វូន ឬ ថេ​ប្លេត វាពិតជាប៉ះពាល់​ដល់​ដំណេករបស់​យើង​ខ្លាំង​ណាស់។ វាធ្វើអោយយើងមិនងងុយគេង និង ធ្វើអោយយើងឈឺក្បាល​ពេលភ្ញាក់​ពី​ដំណេក​​ទៀត​ផង។
  1. ព្យាយាមធ្វើសកម្មភាពស្ងប់ស្ងាត់ផ្សេងៗ ដែលធ្វើអោយខួរក្បាលអាចសំរាកបានស្រួល
ការអានសៀវភៅគឺជាសកម្មភាពដែលល្អបំផុតមុនពេលចូលដំណេក ហើយក៏គួរចៀសវាង​ការអាន​តាម​រយៈ​ស្មាតហ្វូន ឬ ថេ​ប្លេតដែរ ព្រោះបើយើងអានតាមសៀវភៅ ភ្នែករបស់យើងមិនសូវរង​ការប៉ះពាល់​ដោយ​ពន្លឺពណ៌ខៀវរបស់ទូរស័ព្ទ ឬ ថេ​ប្លេត។ ម្យ៉ាងវិញទៀត អ្នកគួរគិតអ្វីដែលវិជ្ជមាន និង បន្ធូរសំ​ពាធ​នៅ​ក្នុងចិត្តមុនពេលអ្នកចូលគេង ដកដង្ហើមអោយបានវែងៗ ហើយសំរាក នោះ​ព្រឹក​ឡើង​អ្នក​នឹង​មាន​អារម្មណ៍​ល្អ ពេលក្រោកចេញពីគ្រែ។
  1. កំណត់ម៉ោង និង ទីតាំង នាឡិការោទិ៍អោយបានត្រឹមត្រូវ
មនុស្សមួយចំនួនតែងតែមានទំលាប់អាក្រក់ គឺងើបបិទនាឡិការោទិ៍ហើយក៏គេងទៅវិញ។ ដូច្នេះ​វិធីដែល​ល្អ​បំផុត​សំរាប់មនុស្សដែលស្ពឹកស្រពន់ គឺជ្រើសរើសទីតាំងនាឡិការោទ៍អោយបានល្អ ដាក់​អោយ​ឆ្ងាយ​ពី​គ្រែ ដែលអាចអោយយើងដើរទៅបិទវា នោះយើងនឹងអាចងើបចេញពីគ្រែបាន ហើយនិង កំណត់​ម៉ោងរោទិ៍​មុនពេលភ្ញាក់ ប្រហែលជា 10 ទៅ 15 នាទី។ អញ្ចឹងពេលអ្នកក្រោកពីដំណេក អ្នក​នឹង​មិន​អាច​ស្រវារ​ទៅបិទនាឡិការោទិ៍រួចគេងទៅវិញទៀតទេ។
  1. ពឹងពាក់អោយអ្នកណាម្នាក់ ជួយដាស់អ្នកនៅពេលព្រឹក
បើអ្នកចង់កែប្រែទំលាប់ភ្ញាក់ពីគេងយឺត អ្នកគួរពឹងពាក់នរណាម្នាក់ដែលគេភ្ញាក់ពីគេងលឿន អោយដាស់​អ្នក​នៅ​ពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីអោយវាក្លាយជាទំលាប់របស់អ្នកដែរ។
222
  1. បើកបង្អួចដើម្បីអោយពន្លឺព្រះអាទិត្យជះចូលដល់បន្ទប់គេងរបស់អ្នក
បើគ្មានពន្លឺគ្រប់គ្រាន់ ពេលភ្ញាក់ពីដំណេក យើងក៏មិនចង់ងើបចេញពីគ្រែដែរ ដូច្នេះគួរ​បើក​បង្អួច​ដើម្បី​អោយ​ពន្លឺព្រះ​អាទិត្យជះ​ចូលក្នុងបន្ទប់ ទើបយើងមានអារម្មណ៍ល្អ និង ចង់ងើបចេញពីគ្រែ។
  1. ស្ទុះចេញពីគ្រែ និង ទៅងូចទឹកអោយបានលឿនដើម្បីកុំអោយនៅងងុយគេង
ពេលអ្នកក្រោកពីគេង អ្នកគួរស្ទុះចេញពីគ្រែអោយបានលឿន និង ទៅងូតទឹក ដើម្បីកុំអោយ​ភាព​ងងុយ​គេង​នៅជាប់ខ្លួន ធ្វើបែបនេះរាល់ថ្ងៃ វាពិតជាផ្តល់ប្រសិទ្ធិភាពណាស់ វាប្រៀបដូចជាវិធីម្យ៉ាង​ដែលដាស់​អារម្មណ៍យើងអញ្ចឹង។
  1. ពេលភ្ញាក់ពីគេង អ្នកគួរញ៉ាំទឹក
ការញ៉ាំទឹកនៅពេលព្រឹក វាជួយដាស់ខ្លួនប្រាណរបស់អ្នកកុំអោយនៅងងុយគេង ហើយ​បើអ្នក​ចង់​អោយ​ស្វា​ង​ជាង​នេះ អ្នកអាចញ៉ាំកាហ្វេ ឬ តែ ដែលវានឹងធ្វើអោយអ្នកស្រស់ស្រាយ ក្នុងការបំពេញ​ការងារ​ផ្សេងៗ ។ ការញ៉ាំកាហ្វេ ឬ តែ នៅពេលព្រឹកគឺវាល្អដល់អ្នក តែអ្នកមិនគួរញ៉ាំនៅពេលយប់ នោះទេ។

អារម្មណ៍ល្អនៅពេលព្រឹកពិតជាសំខាន់ណាស់ ហើយការទំលាប់ភ្ញាក់ពីព្រលឹមដោយអារម្មណ៍ល្អ ក៏​អាច​ជួយ​អោយយើងបំពេញការងារ ឬ ការសិក្សាបានល្អដែរ។ ខេមបូ រីផត សង្ឃឹមថា​វិធីសាស្រ្ត​ដែល​បាន​លើក​ឡើង​ខាងលើ នឹងអាចជួយកែប្រែទំលាប់អ្នកអោយភ្ញាក់ពីព្រឹក និង​ លែងទៅរៀន ឬ ទៅធ្វើការ​យឺត​យ៉ាវ​ទៀតដែរ។

0 comments:

Post a Comment