ការជ្រុះសក់ បានក្លាយជាបញ្ហាកើតឡើងជារឿយៗក្នុងចំណោមបុរសស្រ្ដីទាំងឡាយនាពេលបច្ចុប្បន្ននេះ ពីព្រោះមានកត្ដាជាច្រើន ដែលជះឥទ្ធិពលទៅលើការជ្រុះសក់នេះ ដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃ ឬធ្ងន់ធ្ងរជាងនេះប្រសិនបើយើងមិនយកចិត្ដទុកដាក់ខ្ពស់ទៅលើវា។ ជាទូទៅ សក់ប្រមាណជា ១០០សរសៃអាចជ្រុះជារៀងរាល់ថ្ងៃ ដែលយើងចាត់ទុកថាជារឿងធម្មតា។ ប៉ុន្ដែទោះជាយ៉ាងណា ការព្រួយបារម្ភនឹងកើតមានឡើង នៅពេលដែលយើងឃើញថា សក់របស់យើងជ្រុះជាញឹកញាប់ និងជ្រុះកាន់តែច្រើន។ នៅពេលអ្នកកត់សម្គាល់ថា អ្នកកំពុងជ្រុះសក់ អ្នកគួររកឱ្យឃើញនូវហេតុផលថាតើហេតុអ្វីវាកើតមានឡើង។ កត្ដាមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ស្រ្ដេស រោគខ្វះឈាមក្រហម អាហារគ្មានជីវជាតិ ចរន្ដឈាមក្នុងខ្លួន និងកត្ដាតំណពូជ គឺជាហេតុផលដ៏ចម្បង ដែលធ្វើឱ្យមនុស្សរងកង្វល់ពីការជ្រុះសក់។ តើអ្នកចង់ជ្រាបពីវិធីការការពារកុំឱ្យជ្រុះសក់ ឬទេ?
គន្លឹះដើម្បីថែរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ និងការពារកុំឱ្យសក់ជ្រុះ៖
•ប្រសិនបើអ្នកកត់សម្គាល់ថាសក់របស់អ្នកបាត់បង់នូវភាពរឹងមាំ និងជ្រុះជាប្រចាំ វាជារឿងចាំបាច់ដែលថាអ្នកត្រូវបញ្ឈប់ឧបករណ៍គៀបសក់ ឧបករណ៍ផ្លុំសក់ ឬអ្វីៗផ្សេងទៀត ដែលផ្ដល់កម្ដៅខ្លាំងដល់សក់។ ប្រភេទឧបករណ៍ទាំងនេះអាចជាមូលហេតុនៃការជ្រុះសក់ ហើយនៅពេលសក់របស់អ្នកចុះខ្សោយ វាអាចបង្កការប៉ះពាល់រឹតតែខ្លាំង។
•ការទទួលទានរបបអាហារដ៏សមស្រប និងមានតុល្យភាព ដើរតួនាទីដ៏សំខាន់ទៅលើសុខភាពសក់របស់អ្នក។ ភាពកង្វះអាហារូបត្ថម្ភគឺអាចបណ្ដាលឱ្យសក់ជ្រុះ ដោយការធ្វើឱ្យរចនាសម្ព័ន្ធសក់ចុះខ្សោយ និងបណ្ដាលឱ្យសក់បែកចុង។យើងសូមណែនាំឱ្យអ្នកទទួលទានរបបអាហារ ដែលសម្បូរទៅដោយវីតាមីនA និងB សារជាតុ Biotin វីតាមីនC ជាតិទង់ដែង ជាតិដែក ជាតិស័ង្កសី ប្រូតេអ៊ីន និងទឹក។
•ការធ្វើម៉ូតសក់តឹងៗចំពោះស្រ្ដី គឺជាមូលហេតុម្យ៉ាងទៀត នៃការជ្រុះសក់។ ការធ្វើម៉ូតសក់ប្រភេទនេះអាចផ្ដល់ផលប៉ះពាល់ម្យ៉ាងហៅថាទំនាញ(ការទាញ) ដែកជាលទ្ធផលធ្វើឱ្យសក់របស់អ្នកជ្រុះ។
•វាជារឿងចាំបាច់ក្នុងការសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់។ ការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សដែលគេងឆ្អែត និងស្កប់ស្កល់ទំនងជាជ្រុះសក់តិច។ ការអស់កម្លាំង និងនឿយហត់ គឺជាកត្ដាផ្សេងទៀត ដែលអាចធ្វើឱ្យសក់ជ្រុះ។
•ការប្រើប្រាស់ផលិតផល ដែលមានផ្ទុកជាតិគីមីច្រើន អាចធ្វើឱ្យសក់ និងស្បែកក្បាលរបស់អ្នកចុះខ្សោយ ដែលជាមូលហេតុដ៏ធំមួយទៀតនៃការជ្រុះសក់។ ការប្រើថ្នាំប្ដូរពណ៌សក់ និងសាប៊ូកក់សក់ខ្លាំងៗជាញឹកញាប់ធ្វើឱ្យសក់របស់អ្នកបាត់បង់នូវភាពរឹងមាំ។ ដូច្នេះយើងសូមណែនាំឱ្យអ្នកចៀសវាងការប្រើប្រាស់ផលិតផលទាំងអស់នេះ ហើយជ្រើសមកប្រើផលិតផលធម្មជាតិវិញ។
•ជាទូទៅយើងលាងសម្អាត ឬកក់សក់របស់យើងជារៀងរាល់ថ្ងៃ ដែលវាមិនមែនជារឿងចាំបាច់នោះទេ។ សក់អាចរក្សានូវភាពស្អាតបានជាច្រើនថ្ងៃ ហើយយើងគួរទាញយកប្រយោជន៍នោះ ដើម្បីឱ្យវាបានសម្រាកពីភាពសើម និងផលិតផលដែលអ្នកប្រើប្រាស់។
•មុនពេលធ្វើម៉ូតសក់ណាមួយ វាជារឿងចាំបាច់ដែរថាសក់របស់អ្នកស្ងួត។ សក់សើមធ្វើឱ្យរន្ធសរសៃសក់បើកចំហ ដែលជាលទ្ធផលធ្វើសក់ជ្រុះ។
•ទោះជាយ៉ាងណា អ្នកប្រហែលជាមិនជឿនោះទេថា ការហាត់ប្រាណដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើសកម្មភាពរាងកាយជាទៀងទាត់ផ្ដល់ការភ្ញោចដល់ចរន្តឈាម និងល្អប្រសើរចំពោះស្បែកក្បាលរបស់អ្នក។
•សូមចៀសវាងស្ថានភាពស្រ្ដេស ឬការព្រួយបារម្ភណាមួយ។ កត្ដាទាំងនេះជះឥទ្ធិពលដល់ការជ្រុះសក់ និងអាចប្រែក្លាយជាមូលហេតុចម្បង នៃការជ្រុះសក់។
•នៅពេលអ្នកមានសក់ជ្រុះជាប្រចាំ យើងសូមណែនាំអ្នកឱ្យទៅជួបអ្នកឯកទេសសើស្បែក ដែលពួកគាត់អាចកំណត់បាននូវហេតុផលជាក់លាក់ និងអាចណែនាំអ្នកនូវវិធីព្យាបាលដ៏សមស្រប។
វិធីធម្មជាតិដើម្បីការពារសក់ជ្រុះ៖
ប្រទាលកន្ទុយក្រពើ៖ យើងសូមណែនាំអ្នក ឱ្យញីស្បែកក្បាលរបស់អ្នកនឹងល្បាយអន្ធិលរបស់ប្រទាលកន្ទុយក្រពើ ដើម្បីបញ្ឈប់ការជ្រុះសក់។
ខ្ទឹមស និងក្រូចឆ្មារ៖ ដើម្បីការពារកុំឱ្យសក់ជ្រុះ អ្នកគួរលាយបញ្ចូលគ្នានូវខ្ទឹមស និងក្រូចឆ្មារក្នុងចំណែកស្មើរៗគ្នា។ បន្ទាប់មកញីល្បាយនោះថ្នមៗទៅលើស្បែកក្បាលរបស់អ្នក និងទុកវាឱ្យបាន ១៥នាទីទើបលាងសម្អាត។
ខ្ទិះដូង៖ ញីខ្ទិះដូងទៅក្នុងឬសសក់របស់អ្នក ដើម្បីពង្រឹងវា និងការពារសក់ជ្រុះ។ វិធីនេះនឹងភ្ញោចការលូតលាស់របស់សក់និងធ្វើឱ្យសក់ភ្លឺរលោង។
ប៉េងប៉ោះ៖ ប៉េងប៉ោះជួយប្រឆាំងនឹងការជ្រុះសក់ និងកាត់បន្ថយវាបានច្រើនគួរឱ្យកត់សម្គាល់។ កិនប៉េងប៉ោះលាយជាមួយផ្កាក្ដាំងពួរ ហើយប្រើល្បាយកិនម៉ត់នោះមកញីលើស្បែកក្បាលរបស់អ្នកឱ្យបាន ១០នាទី រួចសឹមលាងសម្អាតចេញ៕