ស្នាមខ្មៅដែលបន្សល់ទុកក្រោយពីការកើតមុនជាលទ្ធផលដែលរាងកាយព្យាយាមព្យាបាលដោយខ្លួនវា។ វានឹងព្យាយាមផលិតជាតិសរសៃកូឡាសែនឡើងវិញ និងសរសៃឈាមដែលត្រូវបានបំផ្លាញ។
ខាងក្រោមនេះជាជំហ៊ាន ៥យ៉ាងអាចជួយកម្ចាត់ស្លាកស្នាមដែលបណ្តាលមកពីកើតមុនបានយ៉ាងឆាប់រហ័ស។
ជំហ៊ានទី ១
ប្រើក្រណាត់ស្បៃជ្រលក់ក្នុងទឹកក្រូចឆ្មាស្រស់ដែលច្របាច់រួច។ អាស៊ីតស៊ីទ្រិចដែលមានក្នុងទឹកក្រូចឆ្មានឹងជួយលាងសម្អាតបាក់តេរីផ្សេងៗ ហើយវាក៏អាចជួយកម្ចាត់ជាលិកាខ្មៅផងដែរ។ រួចយកស្បៃជូតលើតំបន់មានស្លាកស្នាមរយៈពេល ៣-៤នាទី។ នៅពេលអ្នកធ្វើរួច ត្រូវប្រាកដថា អ្នកលាងសម្អាតវាចេញដោយប្រើទឹកត្រជាក់។
ជំហ៊ានទី ២
បន្ទាប់មក អ្នកត្រូវបើករន្ធញើសដោយការស្ទីម។ ការបើករន្ធញើសរបស់អ្នកនឹងអាចជួយសម្អាតផ្ទៃមុខ និងស្រូបយកការព្យាបាលតាមបែបធម្មជាតិ។ នេះជាផ្នែកមួយដ៏សំខាន់ចំពោះដំណើរការទាំងមូល។
ជំហ៊ានទី ៣
អ្នកត្រូវលាយម្សៅ សម្រាប់លាបលើតំបន់មានស្លាកស្នាម។ ប្រើម្សៅឈើចន្ទន៏គ្រឹស្នា ២ចំណែក និងទឹកកុលាប ១ចំណែក។ លាយធាតុផ្សំទាំង ២នេះបញ្ចូលគ្នារហូតដល់វាមានលក្ខណៈស្អិតៗ និងរាវខាប់ៗ។ រួចលាបវាលើតំបន់មានស្លាកស្នាម និងរង់ចាំរយៈពេល ៣-៤នាទី។ បន្ទាប់មកលាងសម្អាតនឹងទឹកត្រជាក់។ នេះជាវិធីលាងជម្រះតាមបែបធម្មជាតិ ដោយប្រើសារធាតុប្រឆាំងនឹងបាក់តេរី។ ទឹកកុលាបមានអត្ថប្រយោជន៏អាចជួយផលិតកូឡាសែនឡើងវិញ ដោយការជម្រុញដល់លំហូរឈាម។
ជំហ៊ានទី ៤
ជំហ៊ានបន្ទាប់ទៀតគឺ ត្រូវលាបទឹកឃ្មុំលើតំបន់មានស្លាកស្នាមរយៈពេល ៣០នាទី ឬពេញមួយយប់ ប្រសិនបើអាច។ ទឹកឃ្មុំមានអង់ស៊ីមជាច្រើនអាចជួយផលិតជាលិកាឡើងវិញ។ ហើយវាអាចផ្តល់អត្ថប្រយោជន៏ជាច្រើនផ្សេងទៀតផងដែរ។
ជំហ៊ានទី ៥
ម៉ាស្សាដោយប្រើប្រេងអូលីវលើកន្លែងដែលមានស្លាកស្នាម ដើម្បីឲ្យប្រេងបានជ្រៀបចូលទៅក្នុងរន្ធញើស។ ប្រេងអូលីវដើរតួនាទីជាអ្នកផ្តល់សំណើមដល់ស្បែករបស់អ្នក។ វាអាចជួយឲ្យស្បែកមានស្លាកស្នាមត្រលប់មករកភាពដើមវិញ។
ការប្រើវិធីធម្មជាតិនេះអាចផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនដល់អ្នក។ វាអាចជួយឲ្យអ្នកជៀសផុតពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមិនបានផ្តល់លទ្ធផលល្អសម្រាប់អ្នក។ ហើយវាក៏អាចជួយការពារស្បែករបស់អ្នកពីការបំផ្លាញទៅថ្ងៃអនាគត ដែលអាចបណ្តាលមកពីការប្រើផលិតផលថែរក្សាស្បែក។
ប្រសិនបើអ្នកអនុវត្តតាមជំហ៊ានទាំង ៥យ៉ាងនេះ អ្នកនឹងអាចកម្ចាត់ស្លាកស្នាមបន្សល់ទុកពីការកើតមុនបាន។ វិធីនេះអាចផ្តល់អត្ថប្រយោជន៏ច្រើនចំពោះស្បែក ហើយក៏ជួយបង្កើនទំនុកចិត្ត និងជួយឲ្យសម្រស់ស្រស់ស្អាតថែមទៀតផង។ អ្នកដឹងទេថា សុភាសិតមួយនិយាយថា សម្រស់ស្អាត, អារម្មណ៏ល្អ ហើយអ្នកក៏នឹងធ្វើអ្វីៗបានល្អផងដែរ៕