Saturday, August 22, 2015

វីធីកម្ចាត់ស្នាមមុន​ឲ្យបាត់ជារៀងរហូត ដោយប្រើរូបមន្តធម្មជាតិ

  • មនុស្សជា​ច្រើនព្យាយាម​ប្រើគ្រប់​វិធីសាស្ត្រ ដើម្បី​ថែរក្សាស្បែក​ឲ្យ​បានស្រស់​ស្អាត។ អ្វីដែលសំខាន់​បំផុត​បណ្តាលឲ្យ​បាត់បង់​ទំនុកចិត្ត​នោះគឺ បញ្ហា​ស្នាមមុន និង​ឡើង​ជាតិ​ពណ៌លើ​ស្បែក។ ក្នុងករណី​ជាច្រើន មុន​អាចបន្សល់​ទុកនូវស្លាកស្នាម​នៅលើស្បែក ហើយ​វាជាបញ្ហាដែលធ្វើឲ្យអ្នករាល់គ្នាមាន​ការទើសទាល់ និងចង់កម្ចាត់​ចោលជាខ្លាំង។

ស្នាមខ្មៅ​ដែលបន្សល់ទុក​ក្រោយពី​ការកើតមុន​ជាលទ្ធផល​ដែលរាងកាយ​ព្យាយាមព្យាបាល​ដោយខ្លួនវា។ វានឹងព្យាយាម​ផលិត​ជាតិសរសៃ​កូឡាសែន​ឡើង​វិញ និង​សរសៃឈាម​ដែល​ត្រូវ​បាន​បំផ្លាញ។

ខាងក្រោមនេះ​ជាជំហ៊ាន ៥យ៉ាង​អាចជួយកម្ចាត់​ស្លាកស្នាម​ដែលបណ្តាលមកពី​កើតមុន​បានយ៉ាង​ឆាប់រហ័ស។

ជំហ៊ានទី ១
ប្រើក្រណាត់​ស្បៃជ្រលក់​ក្នុងទឹក​ក្រូចឆ្មាស្រស់​ដែល​ច្របាច់រួច។ អាស៊ីតស៊ីទ្រិច​ដែល​មានក្នុងទឹកក្រូចឆ្មា​នឹងជួយ​លាងសម្អាត​បាក់តេរីផ្សេងៗ ហើយវា​ក៏អាច​ជួយ​កម្ចាត់​ជាលិកា​ខ្មៅ​ផង​ដែរ។ រួចយក​ស្បៃជូត​លើតំបន់​មានស្លាកស្នាម​រយៈពេល ៣-៤នាទី។ នៅពេល​អ្នកធ្វើរួច ត្រូវ​ប្រាកដថា អ្នកលាងសម្អាត​វាចេញ​ដោយប្រើ​ទឹកត្រជាក់។

ជំហ៊ានទី ២
បន្ទាប់មក អ្នកត្រូវបើក​រន្ធញើស​ដោយ​ការ​ស្ទីម។ ការ​បើករន្ធញើស​របស់អ្នក​នឹង​អាចជួយ​សម្អាត​ផ្ទៃមុខ និងស្រូបយក​ការព្យាបាល​តាម​បែបធម្មជាតិ។ នេះជាផ្នែក​មួយ​ដ៏សំខាន់​ចំពោះ​ដំណើរ​ការ​ទាំងមូល។

ជំហ៊ានទី ៣
អ្នកត្រូវ​លាយម្សៅ សម្រាប់​លាប​លើតំបន់​មាន​ស្លាកស្នាម។ ប្រើម្សៅ​ឈើចន្ទន៏គ្រឹស្នា ២ចំណែក និងទឹក​កុលាប ១ចំណែក។ លាយ​ធាតុផ្សំទាំង ២នេះ​បញ្ចូលគ្នា​រហូតដល់​វាមាន​លក្ខណៈ​ស្អិតៗ និង​រាវខាប់ៗ។ រួចលាបវា​លើតំបន់​មានស្លាកស្នាម និងរង់ចាំរយៈ​ពេល ៣-៤នាទី។ បន្ទាប់មកលាង​សម្អាតនឹង​ទឹកត្រជាក់។ នេះជាវិធីលាង​ជម្រះតាមបែប​ធម្មជាតិ ដោយប្រើ​សារធាតុ​ប្រឆាំង​នឹងបាក់តេរី។ ទឹកកុលាប​មានអត្ថប្រយោជន៏​អាចជួយ​ផលិតកូឡាសែន​ឡើងវិញ ដោយ​ការជម្រុញ​ដល់​លំហូរឈាម។

ជំហ៊ានទី ៤
ជំហ៊ានបន្ទាប់​ទៀតគឺ ត្រូវលាប​ទឹកឃ្មុំ​លើតំបន់​មានស្លាកស្នាម​រយៈពេល ៣០នាទី ឬពេញ​មួយ​យប់ ប្រសិន​បើអាច។ ទឹកឃ្មុំ​មានអង់ស៊ីម​ជាច្រើនអាច​ជួយផលិត​ជាលិកាឡើងវិញ។ ហើយ​វាអាចផ្តល់​អត្ថប្រយោជន៏​ជាច្រើន​ផ្សេងទៀត​ផងដែរ។

ជំហ៊ានទី ៥
ម៉ាស្សា​ដោយប្រើប្រេងអូលីវ​លើកន្លែង​ដែលមាន​ស្លាកស្នាម ដើម្បីឲ្យ​ប្រេងបានជ្រៀប​ចូល​ទៅក្នុង​រន្ធញើស។ ប្រេងអូលីវដើរតួនាទី​ជាអ្នកផ្តល់​សំណើម​ដល់ស្បែក​របស់អ្នក។ វា​អាចជួយ​ឲ្យស្បែកមាន​ស្លាកស្នាមត្រលប់​មករកភាព​ដើមវិញ។

ការប្រើវិធីធម្មជាតិនេះ​អាចផ្តល់អត្ថប្រយោជន៏​យ៉ាងច្រើន​ដល់អ្នក។ វាអាចជួយឲ្យ​អ្នកជៀសផុត​ពីការប្រើប្រាស់​ផលិតផល​ថែរក្សាស្បែក​ដែលមិន​បានផ្តល់​លទ្ធផលល្អ​សម្រាប់​អ្នក។ ហើយវា​ក៏អាចជួយ​ការពារ​ស្បែករបស់អ្នក​ពីការបំផ្លាញទៅ​ថ្ងៃអនាគត ដែលអាច​បណ្តាលមក​ពីការ​ប្រើផលិតផល​ថែរក្សា​ស្បែក។

ប្រសិនបើអ្នក​អនុវត្តតាម​ជំហ៊ានទាំង ៥យ៉ាង​នេះ អ្នកនឹងអាច​កម្ចាត់​ស្លាកស្នាម​បន្សល់ទុកពី​ការកើត​មុនបាន។ វិធីនេះ​អាចផ្តល់​អត្ថប្រយោជន៏​ច្រើនចំពោះ​ស្បែក ហើយ​ក៏ជួយ​បង្កើន​ទំនុក​ចិត្ត និងជួយឲ្យ​សម្រស់ស្រស់ស្អាត​ថែមទៀតផង។ អ្នកដឹង​ទេថា សុភាសិត​មួយនិយាយ​ថា សម្រស់​ស្អាត, អារម្មណ៏​ល្អ ហើយអ្នក​ក៏នឹងធ្វើអ្វីៗ​បានល្អផងដែរ៕
 

0 comments:

Post a Comment