សុភាពបុរស និងសុភាពនារីទាំងឡាយ ពិបាកជៀសផុតណាស់ពីបញ្ហាសក់ និងស្បែកក្បាល ដូចជាអង្គែ សក់ស្ងួត ឬសក់មិនទន់រលោងជាដើម។ ក្រៅពីផលិតផលដែលកំពុងប្រើ ឱសថធម្មជាតិទាំង១០ខាងក្រោមនេះ ក៏អាចជួយបំបាត់ក្ដីកង្វល់របស់ប្រិយមិត្តដែរ៖

១. ស៊ុត
ស៊ុត មិនត្រឹមតែជាអាហារនោះទេ តែក៏ជាឱសថព្យាបាលសក់ដ៏អស្ចារ្យផងដែរ។ ស៊ុតមានប្រូតេអ៊ីនដែលល្អសម្រាប់ព្យាបាលសក់។ ប្រសិនបើសក់មានជាតិប្រេងច្រើន ប្រើតែស៊ុតផ្នែកពណ៌ស តែបើសក់ស្ងួតវិញប្រើស៊ុតលឿង។ លាយផ្នែកណាមួយនៃស៊ុតកន្លះពែង ហើយលាបលើសក់ដែលមិនទាន់កក់ រួចទុកចោល២០នាក់ បន្ទាប់មកទើបកក់សម្អាតដោយទឹកត្រជាក់ដូចធម្មតា។
២. ប្រេងអូលីវ និង ក្រូចឆ្មារ
ស្បែកក្បាលអាចរមាស់ ដោយសារហេតុផលជាច្រើន ដូចជាប្រតិកម្មនឹងផលិតផលថែរក្សាសក់ ការមានអារម្មណ៍ស្រ្ដេស និងអាកាសធាតុ។ លាយប្រេងអូលីវ និងទឹកក្រូចឆ្មារ និងទឹក ២ស្លាបព្រា បន្ទាប់មកយកទៅម៉ាស្សាលើស្បែកក្បាល២០នាទី បន្ទាប់មកលាងជាធម្មតា។
៣. ប៊ឺដូង
ប៊ឺដូង មិនត្រឹមតែល្អចំពោះសុខភាពនោះទេ តែក៏ល្អសម្រាប់សក់នោះដែរ។ ដូចស៊ុតដែរ ប៊ឺដូងមានជាតិប្រូតេអ៊ីនខ្ពស់ និងអាស៊ីដខ្លាញ់ ហើយវាក៏ជួយកាត់បន្ថយការខូចខាតពីកាំរស្មី UV នៅលើស្បែក និងសក់របស់អ្នក។ យកវា១ស្លាបព្រា មកឈ្លីនឹងដៃ បន្ទាប់មកយកទៅលាបលើសក់។
៤. ម្សៅមី
ការតុបតែងសក់ធ្វើឲ្យអ្នកស្រស់ស្អាត ប៉ុន្តែវាគឺជាដើមហេតុដែលគល់សក់មានបញ្ហានោះដែរ។ ប្រើម្រាមដៃចាប់យកម្សៅមីទៅដាក់នៅគល់សក់ ជាពិសេសគឺកន្លែងចំណុចណាដែលមានជាតិប្រេង រួចទុករយៈពេល៥នាទី បន្ទាប់មកប្រើម្រាមដៃ ឬក្រាស់សិតឲ្យជ្រុះម្សៅមីចាំលាងជម្រះចេញ។ ធ្វើបែបនេះជាប់គ្នាបួនប្រាំថ្ងៃ អាចកាត់បន្ថយសក់ដែលមានជាតិប្រេងបាន។
៥. ផ្លែអាវ៉ូកាដូ
អាវ៉ូកាដូមានប្រូតេអ៊ីនខ្ពស់ និងមានប្រសិទ្ធភាពចំពោះសក់រួញ។ កិនផ្លែអាវ៉ូកាដូមួយចំហៀង និង យកទៅលាបលើសក់ទុក១៥នាទីបន្ទាប់មកលាងជម្រះចេញ។

៦. ទឹកដោះគោជូរ
ទឹកដោះគោជូរ មានជាតិប្រូបាយអូទិចខ្ពស់ ជួយធ្វើឲ្យសក់ទន់ និងអាចជួយឲ្យសក់ឆាប់លូតលាស់។ វិធីប្រើគឺយកទឹកដោះគោជូរកន្លះពែង លាបទៅលើសក់ ហើយរុំសក់នឹងកន្សែង និងលាងបន្ទាប់ពីទុកចោល១៥នាទី។
៧. ស្រាបៀ
ស្រាបៀគឺជាអ្វីដែលមនុស្សជាច្រើនមិនបានគិតអំពីអត្ថប្រយោជន៍របស់វាចំពោះការព្យាបាលសក់ឡើយ។ គ្រាន់តែយកស្រាបៀបន្តិចមកលាងសក់ អាចបង្ក្រាបសក់រួញបាន និងនាំមកនូវភាពរលើបរលោងលើសក់របស់អ្នកបាន។
៨. ទឹកឃ្មុំ
យកទឹកឃ្មុំ លាបលើសក់ រួចទុកចោលហើយបន្ទាប់មកលាងវាចេញ។ អ្នកនឹងមានអារម្មណ៍ថាសក់របស់អ្នកមានសភាពទន់ ភ្លឺចែងចាំង និងមើលទៅស្អាតអស្ចារ្យ។
៩. ទឹកត្រជាក់
តើអ្នកដឹងទេថាគ្រាន់តែផ្លាស់ប្ដូរសីតុណ្ហភាពរបស់ទឹកក៏អាចធ្វើឲ្យសក់របស់អ្នកស្រស់ស្អាតបានដែរ? ទឹកក្ដៅអាចបើករន្ធញើសរបស់ស្បែកក្បាល ខណៈពេលដែលទឹកត្រជាក់ បិទរន្ធញើសវិញ និង រក្សាសក់របស់អ្នកឲ្យភ្លឺទន់រលោង។
១០.ទឹកខ្មេះ
ទឹកខ្មេះគឺអាចលាងសម្អាតជាតិកង្វក់ចេញពីសក់របស់អ្នកបាន។ អ្វីដែលត្រូវធ្វើនោះគ្រាន់តែយកទឹកខ្មេះមកលាងជម្រះលើសក់ ហើយបន្ទាប់មកយកសាប៊ូមកកក់ចេញជាការស្រេច។
0 comments:
Post a Comment