Friday, October 17, 2014

គួរយល់ដឹង! ទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង បង្កគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់យុវវ័យ ឬសិស្សនិស្សិត

សហរដ្ឋអាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការចុះផ្សាយអំពីការសិក្សា ដែលបង្ហាញឲ្យឃើញថា យុវវ័យ ឬសិស្សនិស្សិត អាចប្រឈមមុខ នឹងគ្រោះថ្នាក់ខ្លាំងបំផុត មិនអាចប៉ាន់ស្មានបាន ប្រសិនបើ ទទួលទាន ភេសជ្ជៈប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការសិក្សាមួយ បានចុះផ្សាយ នៅក្នុងទស្សនាវដ្តីសុខភាព Journal of Adolescent Health ដែលក្នុងនោះ អ្នកស្រាវជ្រាវនៅឯ វិទ្យាស្ថានស្រាវ ជ្រាវសង្គម Institute for Social Research នៅក្នុង សាកលវិទ្យាល័យ University of Michigan ក្នុងរដ្ឋ Michigan នៃសហរដ្ឋ អាមេរិក បានធ្វើការអះអាង និងសន្និដ្ឋានថា ការទទួលទាន ភេសជ្ជៈប៉ូវកំលាំង លាយ ជាមួយនឹង គ្រឿងស្រវឹង នឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំពោះសុខភាព ជាពិសេសក្នុងចំណោម យុវវ័យ ក៏ដូចជា សិស្សនិស្សិតតែម្តង។
លោក Megan Patrick អ្នកជំនួយការស្រាវជ្រាវ និងសហនិពន្ធ នៃការសិក្សានេះ បាននិយាយថា «យើងបាន រកឃើញថា យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ភេសជ្ជៈប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) នឹងទទួលរង ផលប៉ះពាល់ ក៏ដូចជា ផលអវិជ្ជមានខ្លាំងជាង បើប្រៀប ធៀបទៅនឹង យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ត្រឹមតែគ្រឿងស្រវឹង។» បើយោងទៅតាមការ សិក្សា បានឲ្យដឹងទៀតថា យុវវ័យ ឬសិស្សនិស្សិត ដែលទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង និងគ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) ក្នុងថ្ងៃតែមួយ ឬលាយវា បញ្ចូលគ្នា រួចទទួលទាន ក្នុងពេលតែមួយ នឹងចំណាយ ពេល ក្នុងការទទួលទាន (គ្រឿងស្រវឹង) បន្ថែមទៀត។ លទ្ធផលនៃ ការចំណាយពេល ទទួលទាន (គ្រឿងស្រវឹង) ច្រើន នឹងបង្កឲ្យ កំរិតជាតិស្រវឹង នៅក្នុងឈាម ឡើងខ្ពស់ ដល់កំរិត កំពូលតែម្តង។
លោក Patrick បញ្ជាក់ទៀតថា «ដោយសារតែថាមពល នៃភេសជ្ជៈប៉ូវកំលាំង បានធ្វើឲ្យអ្នកប្រើប្រាស់ មាន អារម្មណ៏ថា មិនសូវស្រវឹង (អាចទទួលទៀតបាន) ប៉ុន្តែវាអាច មានផលប៉ះពាល់ ធ្ងន់ធ្ងរបំផុត ដល់សុខភាព»។
ជាមួយគ្នានេះដែរ ការសិក្សាស្រដៀងគ្នាមួយ ដែលបានអះអាង និងសន្និដ្ឋាន ដោយនាយកដ្ឋានសុខភាព Department of Community Health នៅឯសាកលវិទ្យាល័យ Boston University School of Public Health ស្ថិតក្នុងទីក្រុង Boston នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានរកឃើញថា វាមិនចាំបាច់ថា ទាល់តែ ការទទួលទាន គ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកំលាំង (ឬជាតិកាហ្វេអ៊ីន) លាយគ្នាទេ ដែលបង្កគ្រោះ ថ្នាក់នោះ ប៉ុន្តែទម្រង់នៃអ្នកទទួលទាន ខ្លួនឯងផ្ទាល់ទេ ដែលបង្កផលអវិជ្ជមាននោះ។
«វាបង្ហាញថា ការទទួលទានគ្រឿងស្រវឹង ដែលមានជាតិកាហ្វេអ៊ីន គឺមានជាតិអាល់កុលខ្លាំង ដែលធ្វើឲ្យ មានផល ប៉ះពាល់កើនឡើង និងបង្កឲ្យយុវវ័យ ឬសិស្សនិស្សិត មានភាពស្រួល ក្នុងការទទួលទាន គ្រឿងស្រវឹង បានកាន់តែច្រើន (ឬចំណាយពេល ទទួលទាន គ្រឿងស្រវឹង បន្ថែមទៀត) ដែលវានឹង បង្កឲ្យមាន ហានិភ័យកាន់តែខ្ពស់ សម្រាប់សុខភាព»៕

0 comments:

Post a Comment