យោងតាមរបាយការណ៍ បានឲ្យដឹងថា មនុស្ស ដែលមានទម្លាប់គេងស្រាត អាចជួយឲ្យមាន ការដុតរំលាយ ជាតិកាឡូរី នៅក្នុងខ្លួន បានយ៉ាងល្អ, ជួយទប់ស្កាត់ ជំងឺឆ្លងផ្សេងៗ, និងជួយបង្កើន ទំនាក់ទំនង របស់អ្នកជាមួយដៃគូ ព្រមទាំងជួយ ធ្វើឲ្យអ្នកឆាប់ គេងលក់យ៉ាងស្រួល ទៀតផង ហើយអ្វីដែល ពិសេសនោះ គឺការជួយទប់ស្កាត់ អ្នកមិនឲ្យ មានជំងឺទឹកនោមផ្អែម។

លោក Dr. Chris Idzikowski ពេទ្យជំនាញ ផ្នែកដំណេក និងជានាយក Edinburgh Sleep Centre បាននិយាយថា “ការគេងស្រាត បានធ្វើឲ្យខ្លួនប្រាណ របស់អ្នក មានភាពងាយស្រួល ក្នុងការរក្សា ភាពត្រជាក់ក្នុងខ្លួន និងរក្សា សីតុណ្ហភាពទាប សម្រាប់សម្រប តាមតម្រូវការ របស់ខួរក្បាល ដើម្បីជួយឲ្យ អ្នកគេងលក់ យ៉ាងស្កប់ស្កល់។ នៅពេលដែលអ្នក គេងលក់ស្កប់ស្កល់ ហើយនោះ ដំណើរការខួរក្បាល និង ការផលិតអ័រម៉ូន ក្នុងសារពាង្គកាយ នឹងប្រព្រឹត្តទៅក្នុង ដំណើរដ៏ល្អប្រសើរ ដែលអាចឲ្យអ្នក មានការគិត និងការចងចាំល្អ”។
គាត់ក៏បាន បញ្ជាក់បន្ថែមទៀតថា “លើសពីនេះទៀត ការគេងលក់ ដោយរក្សាសីតុណ្ហភាព ត្រជាក់នៅក្នុងខ្លួន ដែលបានមកពី ការគេងស្រាត វាបានជួយ សម្រួលទៅដល់ ការដុតរំលាយ ជាតិកាឡូរី នៅក្នុងខ្លួនរបស់ មនុស្សយើង ដែលអាចធ្វើឲ្យ មនុស្សជៀសឆ្ងាយ ពីភាពធាត់ជ្រុល និងជំងឺទឹកនោមផ្អែម”។

ទាំងនេះគឺជា ការស្រាវជ្រាវ រកឃើញថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្រ្ត ពាក់ព័ន្ធទៅនឹង ទម្លាប់មនុស្ស ក្នុងការគេងស្រាត ហើយក៏បានបង្ហាញថា វាពិតជាអាច ផ្តល់នូវអត្ថប្រយោជន៍ បានច្រើនយ៉ាង សម្រាប់សុខភាពមនុស្ស ពិតប្រាកដមែន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

0 comments:
Post a Comment