Thursday, January 29, 2015

អត្ថប្រយោជន៍ ប្រាំយ៉ាង ពី​ការ​ទទួល​ទាន​ទឹក​ពេល​ព្រឹកព្រលឹម

ទឹកគឺជាតម្រូវការចាំបាច់សម្រាប់ភាវៈ​មាន​ជីវិត​ទាំង​អស់​នៅ​លើ​ភព​ផែនដី។ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព​មនុស្ស​លោក ដូច​ជា​អាហារ​អញ្ចឹង។ ការ​ទទួល​ទាន​ទឹក​តាម​ពេល​វេលា​និង​លក្ខខណ្ឌ​ផ្សេងៗ​គ្នា អាច​ទទួល​ផល​ខុសៗ​គ្នា សម្រាប់​សរីរាង្គ​របស់​មនុស្ស​។ អស់​រយៈពេល​ជា​ច្រើន​ទស្សវត្សន៍​មក​នេះ មនុស្ស​លោក​បាន​ប្រើ​ប្រាស់​ទឹក​ធ្វើ​ជា​ថ្នាំ ដើម្បី​ព្យាបាល​នូវ​ជម្ងឺ​ក្រពះ និង ជម្ងឺ​សើស្បែក។
ការទទួលទឹក មុនពេល អំឡុងពេល និង ក្រោយ​ពេល ពិសារ​អាហារ ជៈ​ឥទ្ធិពល​ផ្សេងៗ​ពី​គ្នា​ទៅ​លើ​ក្រពះ​របស់​យើង។ ជាមួយ​គ្នា​នេះ​ដែរ វា​មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន​នៃ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក នៅ​ពេល​ដែល​ក្រពះ​របស់​អ្នក ទំនេរ​ស្អាត។ នៅ​ថ្ងៃ​នេះ ខេមបូរីផត សូម​បង្ហាញ​ពី​គុណ​សម្បត្តិ ប្រាំ​យ៉ាង​ពី​ការ​ទទួល​ទាន​ទឹក​ពេលព្រឹក៖
  • ប្រសិនបើយើងទទួលទានទឹកនៅពេលព្រឹកព្រលឹម ដោយ​អត់​ទាន់​បាន​ញុំ​អី​សោះ នោះ​ទឹក​នោះ នឹង​មាន​តួនាទី​លាង​សម្អាត​ពោះ​វៀន​ធំ​របស់​អ្នក​បាន​យ៉ាង​ស្អាត ហើយ​ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាងមុន។
  • វាធ្វើឲ្យលោកអ្នកមានទឹកមុខស្រស់បស់ និង ស្បែកស មើល​ទៅ​មាន​សុខភាព​ល្អ ព្រោះ​ទឹក វា​មាន​តួនាទី​ចូល​ទៅ​កំចាត់​ចោល​នូវ​សារធាតុ​តុកស៊ីន​ពី​ឈាម​របស់​អ្នក ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស​និង​ស្រស់ស្អាត។
  • ការពិសារទឹកនៅពេលព្រឹក បង្កើតនូវកោសិកាឈាមក៏ដូចជា កោសិកា​សាច់​ដុំ​បាន​ច្រើន​ផងដែរ។
  • វាក៏ជាវិធីសាស្រ្តដ៏ល្អផងដែរ ដើម្បីធ្វើការសម្រកទម្ងន់ ដោយពិសារទឹកពេលព្រឹក។
  • ម្យ៉ាងវិញទៀត វាក៏ធ្វើឲ្យមានតុល្យភាពនៃប្រព័ន្ធក្រពេញរបស់សរីរាង្គ​ទាំង​មូល​របស់​មនុស្ស​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​បញ្ចេញ​កម្លាំង​ធ្វើ​ការ​បាន​យ៉ាង​មុំា​ទាំ​នៅ​ក្នុង​ជីវិត​រស់នៅ និង អាច​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង​មួយ​ចំនួន​ទៀត​បាន​ទៀតផង។
ដើម្បីទទួលបានសុខភាពល្អនិងអត្ថប្រយោជន៍ទាំងប្រាំខាងលើ​នេះ យើង​សង្ឃឹម​ថា បង​ប្អូន​ប្រិយមិត្ត​នឹង​ព្យាយាម​ពិសារ​ទឹក​នា​ពេល​ព្រឹក​ព្រលឹម​យ៉ាង​តិច​ក៏​មួយ​កែវ ឬ ពីរ​កែវ​ដែរ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​អ្វីមួយ៕

0 comments:

Post a Comment