Thursday, January 29, 2015

ទម្លាប់អាក្រក់ទាំងដប់ដែល​អាច​បំផ្លាញ​តម្រង់​នោម (ក្រលៀន) អោយ​ចុះ​ខ្សោយ​បាន



គ្រាន់តែលឺសូរតម្រងនោម (Kidney) រឺអ្នកខ្លះហៅថា​ក្រលៀន អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​គិត​ដល់​សន្ទះ​មួយ​ដែល​ប្រើ​សម្រាប់​ច្រោះទឹក​នោម​ជាក់​ជា​មិនខាន ក៏​ប៉ុន្តែ​សរីរាង្គ​នេះ​វា​មិន​មែន​មុខ​ងារ​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ តែវា​មាន​តួនាទី​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ក្នុង​មួយ​ថ្ងៃ តម្រង​នោម​ច្រោះ​ឈាម 200 លីត្រ ដើម្បី​កម្ចាត់​ជាតិ​ពុល បញ្ចេញ​កាក​សំណល់​ផ្សេងៗ បង្កើត​អរម៉ូន សម្រួល​សម្ពាធ​ឈាម ផលិត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​ឆ្អឹង​អោយ​មាន​ភាព​រឹង​មាំ​ជាដើម។ ហេតុ​ដូច្នេះ​ហើយ​អ្នកគួរ​តែ​ចេះ​ថែ​រក្សា​តម្រង​នោម​របស់​ខ្លួន​អោយ​បាន​ល្អ​ខ្ជាប់​ខ្ជួន​បំផុត ព្រោះអី​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើរាង​កាយ​របស់​អ្នក។
 ​​
ខាងក្រោមនេះគឺជាទម្លាប់​អាក្រក់​ទាំង 10 ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ជា​ប្រចាំ ហើយ​វា​កំពុង​តែ​បំផ្លាញ​តម្រង​នោម​របស់​អ្នក​ទាំង​អស់​គ្នា​ដោយ​មិន​ដឹង​ខ្លួន​ឡើយ។
1. ផឹកទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកមិន​បាន​គ្រាប់​គ្រាន់ (តិច​ជាង 1.5 លីត្រ) វា​នឹង​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ទៅ​ដល់​ប្រព័ន្ធ​តម្រង​នោម ព្រោះ​អី​ទឹក​ជួយ​រក្សា​តុល្យ​ភាព​អេឡិចត្រូលីត្រ​នៅ​ក្នុង​ខ្លួន ហើយវា​ក៏​ជួយ​បញ្ចេញ​កាក​សំណល់​នៅ​ក្នុង​ឈា​មផ​ងដែរ។ ប្រសិន​បើ​យើង​ផឹក​ទឹក​មិ​នគ្រប់​គ្រាន់​ទេ ឈាម​នឹង​ទៅ​ជា​ខាប់ ហូរ​ទៅ​កាន់​តម្រង​នោម​ដើម្បី​ចម្រោះ​ជាតិពុល​មាន​បរិមាណ​តិច ធ្វើ​អោយ​ការ​បញ្ចេញ​ជាតិពល​មាន​ភាព​មិន​ប្រក្រតី ហើយ​យូរៗ​ទៅ ជាតិ​ពុល​នឹង​ស្ថិត​នៅ​ពាស​ពេញ​ក្នុងឈាម។
2. ខ្ទប់នោមយូរពេក មិនទៅបញ្ចេញចោល
នេះគឺជាបញ្ហាមួយដែល​ឪពុក​ម្តាយ​គួរ​ណែ​នាំ​ក្មេង​តូចៗ​អោយ​បាន​ដឹង​ច្បាស់​ពី​គុណវិបត្តិ​នៃ​ការ​ខ្ទប់​នោម​យូរ​មិន​ហ៊ាន​ទៅ​នោម។ កាល​ណា​យើង​ខ្ទប់​ទឹក​នោម​ក្នុង​រយៈ​ពេល​យូរ បាក់​តេរីដែល​ស្ថិត​ក្នុង​ទឹក​នោម​នឹង​បង្ករ​ជា​បាក់តេរី​នានា រួច​ឆ្លង​ទៅ​កាន់​សេរីរាង្គ​ផ្សេងៗ​ទៀត​ដូចជា ប្លោក​នោម តម្រង់​នោម និង​ទៅ​ក្នុង​ឈាម​ជាដើម។ ដូច្នេះ​ទោះ​បី​ជា​អ្នក​រវល់​ខ្លាំងដល់​កម្រិត​ណា​ក៏​ដោយ ត្រូវ​បញ្ចេញ​ទឹក​នោម​ចោល​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ចង់នោម ហើយ​ក៏​ត្រូវ​នោម​អោយ​បាន​ទៀង​ទាត់​ផងដែរ។
3. ទទួលទានប្រៃពេក
ជាតិសូដ្យូមដែលស្ថិតមាននៅក្នុង​របស់​ប្រៃ​ត្រូវ​បាន​កំចាត់​ចោល 95% ចេញ​ពី​រាង​កាយ​ជា​រៀង​រាល់ថ្ងៃ ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ទទួល​ទាន​ម្ហូប​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ប្រៃ តម្រង​នោម​យើង​ក៏​ធ្វើ​ការ​សកម្ម​ខ្លាំង​ណាស់​ដែរ ហើយ​កាល​ណា​ចំនួន​សូដ្យូម​នេះ​ច្រើន វា​អាច​ធ្វើ​អោយ​សរីរាង​ឡើង​ហើម នឹង​បង្ករ​ជា​អាការៈ​លើស​ឈាម និង​ជម្ងឺ​តម្រង់​នោម​ផ្សេងៗ​ជាដើម។
4. ទទួលទានអាហារ រឺភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន
នៅពេលដែលយើងស្រេកទឹក មនុស្ស​ភាគ​ច្រើន​តែង​តែ​ទទួល​ទាន​ភេស្ជៈ​ផ្សេងៗ​ដែល​អាច​ដាស់​ស្មារតី​អោយ​ស្រស់​ថ្លា និង​ភ្លឺ​ស្វាង​ជាង​មុន​បាន។ ភេសជ្ជៈ​ទាំង​នោះ​សុទ្ធ​តែ​មាន​ផ្ទុក​ដោយ​សារ​ធាតុ​កាហ្វេ​អ៊ីន ហើយ​វា​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ពិបាក​ដល់​តម្រង​នោម​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​ឈាម​បាន។
5. ទទួលទានថ្នាំបំបាត់ភាពឈឺចាប់
ការទទួលទានថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដោយ​សារ​អាការៈ​ស្រាលៗ​មិន​មែន​ជា​រឿង​ដ៏​ល្អ​សម្រាប់​សុខ​ភាព​នោះ​ទេ ហើយ​អ្នក​គួរ​តែ​ចៀស​វាង​អោយ​បាន​ជា​ដាច់​ខាត។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទាំង​នោះ​អាច​អោយ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​បាន​ពិត​ប្រាកដ​មែន ប៉ុន្តែ​វា​នឹង​ចូល​ទៅ​បំផ្លាញ​សរីរាង្គ​ផ្សេង​ទៀត​បាន។ តាម​ការ​សិក្សា​បាន​អោយ​ដឹង​ថា ការ​ទទួល​ទាន​ថ្នាំ​ឈឺ​ចាប់ នឹង​ធ្វើ​អោយ​លំ​ហូរ​ឈាម​មាន​ភាព​យឺត និង​ប៉ះពាល់​ដល់​ការ​ចម្រោះ​ជាតិពុល​ចេញ​ពី​រាង​កាយ និង​ប៉ះ​ពាល់​ដល់​តម្រង​នោម​បាន។
6. ទទួលទានសាច់ រីអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនពេក
ការទទួលទានសាច់ស្រស់ និង​ម្ហូប​អាហារ​ដែល​សំបូរ​ដោយ​សារ​ធាតុ​ប្រូតេអ៊ីន​ច្រើន​ពេក និង​ប​ង្ករ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ទៅ​ដល់​តម្រង​នោម​របស់​អ្នក។ សារ​ធាតុ​ប្រូតេ​អ៊ីន​ច្រើន និង​បង្កើន​សារ​ធាតុ មេតា​ប៉ូលីស​ច្រើន ហើយ​ធ្វើ​អោយ​តម្រង​នោម​ធ្វើ​ការ​ច្រើន​ជាង​មុន​ដើម្បី​សម្អាត​សារ​ធាតុ​នេះ។ អ្នក​ក៏​ត្រូវ​ដឹ​ងដែរ​ថា​សាច់​សត្វ​ក៏​សំបូរ​ដោយ​ជាតិ​ពុល​ដែរ ហេតុ​ដូច្នេះ​ហើយ​ចូរ​កុំ​ទទួល​សាច់​អោយ​លើស​ពី 300 ក្រាម​ឡើយ ក្នុង​មួយ​ថ្ងៃ ផ្ទុយ​ទៅ​វិញ​កាន់​តែតិច គឺ​កាន់​តែល្អ។


7. ទទួលគ្រឿងស្រវឹងច្រើនពេក
សារធាតុដែលមានជាតិ​អាល់​កុល ក៏​មាន​ចំណែក​បំផ្លាញ​តម្រង​នោម​ផង​ដែរ ព្រោះ​អីវា​មាន​ផ្ទុក​សារ​ធាតុ​ពុល​ច្រើន ដែល​ជា​បន្ទុក​ដល់​តម្រង​នោម​ក្នុង​ការ​លាង​សម្អាតវា។
8. ជក់បារី
សារធាតុពុលនៅ​ក្នុង​បារី​អាច​បំផ្លាញ​សរីរាង្គ​ច្រើន​នៅ​ក្នុង​រាង​កាយ ហើយ​ក្នុង​នោះ​ក៏​មាន​តម្រង​នោម​មួយ​ផង​ដែរ។
9. មិនខ្វល់ខ្វាយពីអាការៈផ្តាសសាយ
ផ្តាសសាយគឺជាអាការៈមួយ ដែល​វា​តែង​តែ​កើត​ឡើង​នៅ​ពេល​ដែល​ខ្លួន​អ្នក​ជួប​ប្រទះ​នឹង​អាកាស​ធាតុ​ត្រជាក់ និង​ដេក​មិន​គ្រប់​គ្រាន់​ជា​ដើម។ ប្រ​សិន​បើ​អ្ន​ក​អើពើ​មិន​ព្យា​បាល និង​ដេក​អោយ​គ្រប់​គ្រាន់ទេ វា​នឹង​ប៉ះ​ពាល់​ដល់​តម្រង​នោមដូច​គ្នាដែរ។




10. សម្រាកមិនបានគ្រប់គ្រាន់
នៅក្នុងកំឡុងពេលយើង​ទទួល​ទាន​ដំណេក ជាលិកា​នៃ​សរី​រាង្គ​នានា​កំពុង​តែ​ដុះ​កើត​សារ​ជាថ្មី ហេតុ​ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ដេក​មិន​បាន​គ្រាប់​គ្រាន់ និង​ស្កប់​ស្កល់​នោះទេ ដំណើរ​នៃ​ការ​បង្កើត​ជាលិកា​ថ្មី​នេះ​ក៏​មាន​បញ្ហា​ដែរ ហើយ​ក្នុង​នោះ​សរីរាង្គ​តម្រង់​នោម​ក៏​ជា​អ្នក​រង​គ្រោះ​ផង​ដែរ​ដោយ​សារ​ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់។
បញ្ហាតម្រងនោម រឺ​ក្រលៀន​ចុះ​ខ្សោយ​នេះ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ ហើយ​អ្នក​ដែល​មាន​លទ្ធ​ភាព​ខ្ព​ស់​មួយ​ចំនួន​បាន​ចំណាយ​លុយ​ជា​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​តម្រង់​នោម​ថ្មី ខណៈ​មនុស្ស​ឆោត​ល្ងង់​មួយ​ចំនួន​សុខ​ចិត្ត​ល​ក់​តម្រង់​នោម​ខ្លួ​នទៅវិញ។ វា​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​របស់​រាង​កាយ​យើង ហើយ​ប្រសិន​បើ​សរីរាង្គ​នេះ​មាន​បញ្ហា​ចុះ​ខ្សោយ សុខ​ភាព​យើង​ក៏​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ ហេតុ​ដូច្នេះ​ហើយ​អ្នក​ត្រូវតែ​មើល​ថែវា​អោយ​បាន​ល្អបំផុត។

0 comments:

Post a Comment